(ភ្នំពេញ)៖ គ្រូពេទ្យមួយរូបនៅក្នុងក្រុមការងារផ្នែកប្រតិបត្តិការសង្គ្រោះបន្ទាន់ ដែលបានមានភារៈជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺ ជាពិសេសក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ បានបង្ហោះរូបភាពប្រជុំការងារនៅកន្លែងធ្វើការក្នុងរាជធានីភ្នំពេញ អមដោយរូបភាពរថយន្តចុះទៅយកបងប្អូនទាំងយប់ យកមកធ្វើតេស្ត ដោយស្មារតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់។ ផ្នែកមួយដែលកម្ពុជា មានសុវត្ថិភាពខ្ពស់បើធៀបនឹងបណ្តាប្រទេសនៅអាស៊ីនិងពិភពលោក និងរហូតមកដល់ពេលនេះគ្មានពលរដ្ឋណាម្នាក់ទាំងខ្មែរនិងបរទេស ស្លាប់ដោយសារជំងឺកូវីដ១៩ គឺរូបគាត់និងសហការីនៃ «កងទ័ពអាវ ស» ដែលដឹកនាំបញ្ជាផ្ទាល់ដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រោមវិធានការដឹកនាំម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន។
គ្រូពេទ្យកម្ពុជាទាំងអស់ និងរូបគាត់គឺមិនមែនជាគ្រូពេទ្យទេវតាទេ ហើយក៏មិនមែនជាគ្រូពេទ្យនៃប្រទេសបច្ចេកវិទ្យានិងប្រទេសមហាអំណាចនោះទេ ប៉ុន្តែជាគ្រូពេទ្យដែលជាកូនចៅសម្តេចតេជោ ហ៊ុន សែន ដែលប្រកបដោយស្មារតីឆន្ទៈវិជ្ជាជីវៈខ្ពស់ក្នុងការសង្គ្រោះ ព្យាបាល និងការពារអាយុជីវិតប្រជាជនក្នុងគ្រាលំបាកជាបន្តបន្ទាប់ ហើយក៏ជោគជ័យជាបន្តបន្ទាប់ដែរ។
សារមួយឃ្លាពីគ្រូពេទ្យកម្ពុជានោះគឺ៖ «សូមជនរួមជាតិសំរានដោយស្ងប់ចិត្តចុះ ពួកខ្ញុំនិងតតាំងរហូតដល់ទីបញ្ចប់»៕



