(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «កិច្ចអន្ដរាគមន៍ ឆ្លើយតបនឹងការស្ដារឡើងវិញ បន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម»។ ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំនេះ បានបង្កផលប៉ះពាល់ដល់ស្រូវសរុបជាង ៣១ម៉ឺនហិកតា។ មកដល់ថ្ងៃនេះ ក្រសួង បានផ្តល់គ្រាប់ពូជស្រូវ ៦៥៧៨ តោន ចែកជូនប្រជាកសិករ ៦៥៧៨០គ្រួសារ នៅ ១៩ខេត្តរាជធានី។
ឯកឧត្តម ងិន ឆាយ បានលើកឡើងថា ការបង្កបង្កើនផលដំណាំស្រូវ ក្នុងរដូវវស្សានេះ បានជាង ២,៧៩លានហិកតា។ ប៉ុន្តែក្នុងរដូវវស្សានេះ ផលប៉ះពាល់ដោយគ្រោះរាំងស្ងួត មាន ១៣៥ ៤៣៣ ហិកតា បណ្តាលឲ្យខូចខាត ១៤ ១៧២ហិកតា។ រីឯគ្រោះទឹកជនន់ បង្កដោយទឹកភ្លៀង នាពេលថ្មីៗនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវ ៣០៤ ៨១២ ហិកតា ខូច ១២៥ ៧៧០ ហិកតា និងស្តារឡើងវិញ បាន ១៩ ៩៩៣ ហិកតា។
ជាសរុប ដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ត្រូវបានឯកឧត្តម ងិន ឆាយ លើកឡើងថា មានចំនួន ៣១៤ ០៤២ ហិកតា បណ្តាលឲ្យខូចខាត ១៣៣ ៤០៥ ហិកតា និងស្តារឡើងវិញ បាន ២៦ ០៨២ហិកតា ត្រូវជា ៤២%។
ឯកឧត្តម ងិន ឆាយ បន្ថែមថា ទោះជាផ្ទៃដីដំណាំស្រូវ រងការខូចខាតមានទំហំធំ តែលទ្ធភាពនៃការស្តារឡើងវិញ មិនបានទាំងអស់ទេ ដោយសារប្រភពទឹក មានកំណត់។ ក្នុងនោះ លទ្ធផលនៃការស្តារដំណាំស្រូវឡើងវិញ អាចបានតែ ៦៣០០០ ហិកតាប៉ុណ្ណោះ។
ចំពោះដំណាំរួមផ្សំ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ ក៏ត្រូវបានឯកឧត្តម ងិន ឆាយ លើកឡើងថា នៅឆ្នាំនេះ យើងអនុវត្តបាន ៧៣ ២៦៦ ហិកតា។ ក្នុងនោះ រងផលប៉ះពាល់ដោយទឹកជំនន់ សរុប ១០ ០០០ ហិកតា ដោយខូច ២៣១០ ហិកតា និងស្តារឡើងវិញ បាន ៨៤ហិកតា។
ចំពោះកិច្ចអន្តរាគមន៍លើផលប៉ះពាល់ និងការខូចខាតស្រូវ ព្រមទាំងដំណាំរួមផ្សំនេះ ត្រូវបានឯកឧត្តម ងិន ឆាយ លើកឡើងថា មកដល់ថ្ងៃនេះ ក្រសួងកសិកម្ម បានផ្តល់គ្រាប់ពូជស្រូវ ចំនួន ៦៥៧៨ តោន ចែកជូនប្រជាកសិករ ចំនួន ៦៥៧៨០ គ្រួសារ ដើម្បីអន្តរាគមន៍ ទៅដល់ខេត្តរាជធានី ចំនួន ១៩ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ រួមមាន៖ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និងនៅរាជធានីភ្នំពេញ។ ក្នុងនោះ ផ្ទៃដីស្រូវ ដែលស្តារឡើងវិញ បានជាង ២៦ ០០០ ហិកតា នៅទូទាំងប្រទេស។
ឯកឧត្តម ងិន ឆាយ បន្ថែមថា ចំណែកដំណាំបន្លៃ និងដំណាំរួមផ្សំ ក៏ត្រូវបានក្រសួងកសិកម្ម ផ្តល់គ្រាប់ពូជ បាន ៣២៣៧៦ គ.ក ជូនដល់ប្រជាកសិករ ចំនួន ៩៧ ៩៦៦ គ្រួសារ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ គ្រាប់ពូជនេះ មានមុខដំណាំ ១១មុខ ហើយក្នុង ១ឃីត មាន ៤ ទៅ ៦ប្រភេទ ដោយក្នុង ១គ្រួសារ ទទួលបាន ៦កញ្ចប់ ដូចជា ប៉េងប៉ោះ ត្រប់ សណ្តែកកួរ ពោតដំណើប ស្ពៃខៀវ ត្រឡាច ស្ពៃ ស្ពៃចង្កឹះ ត្រកួន ម្រះ និងត្រសក់ ជាដើម៕




