(បាងកក)៖ ភាពតានតឹងកំពុងកើនឡើងជុំវិញការតវ៉ានៅប្រទេសថៃ ដោយប៉ូលិសបានបាញ់សម្លាប់មនុស្សចំនួន ៦នាក់ កាលពីសប្តាហ៍មុន និងប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នៅតាមដងផ្លូវនៃទីក្រុងបាងកក។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ទីក្រុងបាងកកក៏កំពុងត្រៀមប្រឈមនឹងមហាបាតុកម្មបន្ទាប់នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ថ្ងៃស្អែកនេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នានៅការិយាល័យទ្រព្យសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់រាជានិយមថៃ។
ភាពតានតឹងកាន់តែកើនឡើង ហើយគិតមកទល់ពេលនេះគឺរយៈពេល ៤ខែ មកហើយ ដែលការប្រឆាំតវ៉ានៅតែមានបន្ដជាហូរហែ។ បាតុកម្មពេលខ្លះមានអ្នកចូលរួមរហូតដល់រាប់ម៉ឺននាក់ មានទាំងអំពើហិង្សា ដូច្នេះស្ថានភាពគឺមិនប្រសើរឡើងនោះទេ ហើយមេដឹកនាំការប្រឆាំងក៏មិនបង្ហាញសញ្ញាថានឹងព្រមសម្របសម្រួលនោះដែរ។
ការតវ៉ាបានបង្ហាញសញ្ញាម្រាមដៃបីរបស់ពួកគេ ដើម្បីទាមទារចំណុចសំខាន់ៗចំនួន ០៣ ដោយទីមួយគឺលោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី, ទីពីរគឺការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩ និងទី ៣ គឺការធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្របច្ចុប្បន្ន។
បាតុករវ័យក្មេងកំពុងផ្ដោតគោលដៅលើការិយាល័យ Crown Property Bureau ដែលជាការិយាល័យគ្រប់គ្រងសម្បត្តិព្រះរាជា សម្រាប់ការមហាបាតុកម្មនៅថ្ងៃស្អែកនេះ ដែលការផ្ដោតគោលដៅថ្មីនេះគឺបន្ទាប់ពីរយៈពេលមិនប៉ុន្មានថ្ងៃដែលនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានពីមាត្រាទី១១២ ដែលទាក់ទងជាមួយនឹងទោសសម្រាប់អ្នកប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។ នេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា ក្រុមបាតុករមិនមានបំណងនឹងសម្រុះសម្រួលនោះទេ ហើយកំពុងបង្ហាញបំណងបែបណា៕




