(ភ្នំពេញ)៖ គ្លីនិក លី ស្រីវីណា នឹងចាប់ផ្តើមបើកទទួលអ្នកជំងឺឡើងវិញ ចាប់ពីម៉ោង៣ រសៀល នាថ្ងៃទី២០ ខែវិច្ឆិកានេះតទៅ។ នេះបើតាមសេចក្តីប្រកាសរបស់គ្លីនិក លី ស្រីវីណា នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។
គួររំលឹកថា មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ លី ស្រីវីណា របស់លោកស្រី លី ស្រីវីណា ដែលមានទីតាំងនៅផ្ទះលេខ ៣៣៩ A ផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលសម្រេចបិទកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការសម្រេចបិទទ្វារគ្លីនិករបស់លោកស្រី លី ស្រីវីណា ដោយសារថា ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ។ ការបិទនេះដែរ គឺបន្ទាប់ពីមានករណីអ្នកជំងឺម្នាក់ជាមេធាវី បានស្លាប់ ពេលចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ លី ស្រីវីណា។
សូមជម្រាបដែរថា លោកស្រី លី ស្រីវីណា ជាវេជ្ជបណ្ឌិត និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិផងនោះ បានសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីគ្លីនិករបស់ខ្លួនត្រូវបានបិទ។ យោងតាមលិខិតគោរពស្នើសុំរបស់លោកស្រី លី ស្រីវីណា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ព្រមក្នុងការទទួលយកលោកស្រីមកធ្វើជាសមាជិកគណបក្សផងដែរ៕



