(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បានផ្តល់ឥណទានសម្បទានជាង ២០០លានដុល្លារ ដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្តិកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ JICA ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកានេះបានឲ្យដឹងថា កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២៥ប៊ីលានយ៉េន ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធានស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២០។
JICA បានបន្តថា រាជរដ្ឋាភិបាលជប៉ុនបានកំពុងផ្តល់ឥណទានសម្បទាន សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្ថេរភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្សេងៗរបស់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។
ក្នុងនាមជាដៃគូរអភិវឌ្ឍន៏ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគំាទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ JICA បានកំពុងជួយគាំទ្រកែលម្អអគារមន្ទីរពេទ្យនិងបំពាក់បរិក្ខារពេទ្យថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនិងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារៈអនាម័យដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៊ីនទែម៉ូម៉ែត្រវាស់កម្តៅ និងផ្តល់សម្ភារៈមួយចំនួនដល់រថយន្តក្រុងក្នុងរាជធានីភ្នំពេញដើម្បីបង្ការការឆ្លងជំងឺ។
ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបម្រើការក្នុងវិស័យសុខាភិបាល តាមរយៈការបញ្ជូនជំនាញការមកប្រទេសកម្ពុជា និងរៀបចំការបណ្តុះបណ្តាលដល់មន្ត្រី៕



