(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ផ្លូវការថា សម្តេច ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអ្នកនៅជិតសរុប១៨រូប «លទ្ធផលនៃការធ្វើតេស្តគឺបញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ»។
ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឲ្យសម្តេចតេជោ ហ៊ុន សែន រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចំពោះការអាក់ខានកម្មវិធីសំខាន់ៗមួយចំនួនដូចខាងក្រោម៖
- ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។
- សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបង និង បន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។
- សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។
- សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ព័ន្ធទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ។
សម្តេចតេជោបានបន្តថា «ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៏ឬសុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែល គ្រាន់តែមិនឱយមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបារម្ភពីសុខភាព និងជូនពរដល់សម្តេច៕



