(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានចំៗ លើអតីតតំណាងរាស្ត្របក្សប្រឆាំង លោក ហូរ វ៉ាន់ កុំឲ្យបញ្ជាអ្នកក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំងវត្តមានកងទ័ពចិន នៅកម្ពុជា។
ជាមួយនឹងគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសច្រានចោលជាថ្មី ពីការលើកឡើងថា មានវត្តមានកងទ័ពចិន នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យបង្ហាញភស្តុតាង ពីការអះអាងថា មានកងទ័ពចិន នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានចំៗ លើលោក ហូរ វ៉ាន់ ដែលសម្តេចហៅថា «អាវ៉ាន់» ដែលកំពុងរស់នៅក្រៅប្រទេស ហើយបញ្ជាក្រុមក្នុងស្រុក ឲ្យធ្វើបាតុកម្ម នៅភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ប្រពន្ធកូន លោក ហូរ វ៉ាន់ នៅក្នុងស្រុក ហើយក៏កំពុងរស់នៅសុខសាន្តទេ។
សម្តេចក៏បានលើកឡើងដោយមិនចេញឈ្មោះ លើអតីតតំណាងរាស្ត្ និងមន្ត្រីជាន់ខ្ពស់រគណបក្សប្រឆាំង ដែលកំពុងគេចខ្លួនទៅរស់នៅក្រៅប្រទេស ដែលមានប្រពន្ធ ជាអ្នករកស៊ី ដូរលុយនៅភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តាំផ្ញើរទៅប្រពន្ធលោកហូរវ៉ាន់ កុំឲ្យក្លាយជាអ្នកចែកលុយឲ្យក្រុមបាតុករ។ បើមិនដូច្នោះទេ សម្តេចមិនលើកលែងឲ្យឡើយ។
ជាមួយនឹងប្រកាសព្រមានដូច្នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានទាញទូរស័ព្ទពីក្នុងហោប៉ាវ ចាក់សំឡេងរបស់លោក ហូរ វ៉ាន់ ទាក់ទងបញ្ជាមកសកម្មជននៅក្នុងប្រទេស ឲ្យធ្វើបាតុកម្ម ហើយថែមលុយឲ្យក្រុមបាតុករក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកលោក ហូរ វ៉ាន់ ជាមេចោរ បញ្ជាមកកូនចោរ។ ដូច្នេះករណីនេះ សម្តេចអាចចាប់កូនចោរ នៅក្នុងស្រុកបាន៕



