(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា ក្នុងរយៈពេល ១៩ថ្ងៃ គិតចាប់ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២០ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ២៦១.៥៦៧នាក់ ស្មើនឹង ៨៧,០៨% បើធៀបនឹងស្ថិតិប៉ាន់ស្មាន សរុបចំនួន ៣០០.៣៩០នាក់។
គ.ជ.ប គូសបញ្ជាក់ថា នេះជាលទ្ធផលល្អប្រសើរ និងគួរឲ្យកោតសរសើរប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុ ១៨ឆ្នាំ អញ្ជើញមកចុះឈ្មោះបោះឆ្នោត បានយ៉ាងច្រើនកុះករ បើទោះបីប្រឈមនឹងការរាតត្បាតកូវីដ១៩ និងជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ។
ក្នុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ រយៈពេល ១៩ថ្ងៃនេះ គ.ជ.ប ក៏បានប្រកាសថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១៤៥.៦៧៨នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនសុរប ៩០.៧៤០នាក់ និងអ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំសង្កាត់ថ្មី មានចំនួន ៨៥.៥៤១នាក់។
គ.ជ.ប បានប្រកាសថា ចំពោះអ្នកដែលខកខានមិនបានមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅឆ្នាំនេះ អាចនឹងធ្វើបាននៅឆ្នាំ២០២១ តាមច្បាប់តម្រូវ៕




