(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅ អរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច លេខ ០៥២ / ២០ ស.ស.រ. ស្ដីពីការប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី បានកើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៧ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ)។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរក្នុងឆ្នាំ១៩៦៦ និងក្លាយទៅជាអតីតគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ អ្នកស្រី ឡាយ ហ៊ុនគី មានស្នាដៃក្នុងការនិពន្ធសៀវភៅដ៏ល្បីមួយក្បាលក្នុងឆ្នាំ១៩៧៤ ឈ្មោះថា អរិយធម៌ខ្មែរ និងត្រូវបានបោះពុម្ពនៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ដោយលោកស្រីបានដាក់ឈ្មោះខ្លួនថា «អ្នកស្រី ត្រឹង ងា»។ លោកស្រីបានចូលនិវត្តន៍នៅឆ្នាំ១៩៩៥។
សៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃរបស់អ្នកស្រី គឺជាប្រភពឯកសារដ៏ចម្បងនិងបានរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយយោងលើសមិទ្ធផល និងការចូលរួមចំណែកដ៏ធំធេងរបស់លោកស្រី ក្នុងផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចេញសេចក្ដីសម្រេច ប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់លោកស្រីក្នុងបុព្វហេតុឧត្ដមប្រយោជន៍នៃសង្គមជាតិ៕




