(ភ្នំពេញ)៖ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយដល់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិក ផ្តល់ថវិកាសរុបចំនួន ១០ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។
ស្ថានទូតអាមេរិក បានប្រកាសថា ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់ ដល់មនុស្ស ដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។
ស្ថានទូតអាមេរិក ប្រកាសថា គិតតាំងពីឆ្នាំ២០១៨ មក ជំនួយរបស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពី ការគ្រប់គ្រងហានិភ័យនៃមហន្តរាយ ( កម្មវិធីសម្រាប់តាមដានស្ថានភាព និងផលប៉ះពាល់ភ្លាមៗ ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្គ្រោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។
គិតតាំងពីឆ្នាំ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារ សម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យ នៅកម្ពុជា។ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ថែមទាំងកំពុងតែពង្រីកការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេស ទាំង ៥ ក្នុងតំបន់ទន្លេមេគង្គក្រោម ដែលរួមមាន ទាំងប្រទេសកម្ពុជាផងដែរ៕


