(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ទីភ្នាក់ងារកយកា បានផ្តល់ទូសម្រាប់យកសំណាកមេរោគកូវីដ-១៩ ចំនួន២០គ្រឿង គ្រែសែងអ្នកជំងឺកូវីដ-១៩ ចំនួន១២គ្រឿង ទៅកាន់ក្រសួងសុខាភិបាល។
ពិធីប្រគល់ ទទួល នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម Park Heung-Kyeong ឯកអគ្គរាជទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា លោក Rho Hyun-Jun ប្រធានតំណាងទីភ្នាក់ងារកយកា ប្រចាំប្រទេសកម្ពុជា និងឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល។
ការផ្តល់សំភារៈខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈកម្មវិធី ឆ្លើយតបចំពោះកូវីដ-១៩ របស់ទីភ្នាក់ងារកយកា (របៀបវារៈសម្រាប់ការសាងភាពប្រសើរឡើងវិញ ប្រឆាំងនឹងកូវីដ-១៩ តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍)។
របៀបវារៈនេះ រួមបញ្ចូលនូវការគាំទ្រច្រើនបែបរួមមាន ១)ការផ្តល់ទូសម្រាប់យកសំណាកមេរោគកូវីដ-១៩ និងគ្រែសែងអ្នកជំងឺកូវីដ-១៩ ២) ការផ្តល់សំភារៈការពារខ្លួន ៣)ការគំទ្រជនងាយរងគ្រោះតាមរយៈការផ្តល់អាហារ សំភារៈ និងឧបករណ៍សង្គ្រោះបឋម និង៤) កិច្ចសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិដើម្បីជនភៀសខ្លួនតាមរយៈការពង្រឹងការឆ្លើយតបចំពោះអ្នកចំណាកស្រុកដែលវិលត្រលប់មកកម្ពុជា នៅតាមច្រកចូល និងនៅតាមមណ្ឌលចត្តាឡីស័ក៕





