ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញរឹបអូសវត្ថុតាងគ្រឿងញៀន ជាង ១០ប្រភេទ ទម្ងន់ជិត ១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមទាំងអាវុធខ្លី ១ដើម នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឯកសារបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនចំនួន ២កន្លែង ដែលដឹកនាំ និងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានសហការជាមួយលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគបាលក្រុងប៉ោយប៉ែត។
កម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងទី១ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ១/ ទី យៀង ភេទស្រី អាយុ ៤៣ឆ្នាំ ២/ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ ១៦ឆ្នាំ នៅបន្ទប់ជួយស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត រឹបអូសវត្ថុតាងមានចំនួន ២វ៉ាលី សង្ស័យមានសារធាតុញៀន ហើយបន្តបង្ក្រាបទីតាំងទី២ ឃាត់ខ្លួនជនទី៣/ឈ្មោះ សេង ដាលីសិទ្ធិ ហៅចិន ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត និងរឹបអូសវត្ថុតាងកេសដែក ចំនួន ១ដាក់គ្រឿងញៀន និងអាវុធខ្លី ១ដើម ដែលចុះប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតភូមិសាស្គ្រសង្កាត់.ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី ចំនួន ៣នាក់និងរឹបអូសវត្ថុតាងមានចំនួន ២វ៉ាលី និង ១កេសដែលមានគ្រឿងញៀនជាង ១០ប្រភេទស្មើទម្ងន់ជិត ១០គីឡូក្រាម មានម្ស៉ៅសផ្លាប្រភេទមេតំហ្វេតាមីន ហៅ ខេទឹកក ម្ស៉ៅក្រាមពណ៌សប្រភេទមេតំហ្វេតាមីនហៅខេ គ្រឿងញៀនប្រភេទកេតាមីនដប និងគ្រឿងញៀនជាច្រើន ប្រភេទទៀត និងអាវុធខ្លីស៊េរីទំនើបចំនួន ១ដើម និងគ្រាប់មួយចំនួនទៀត។ ជនសង្ស័យទាំង ៣នាក់ ត្រូវបានប៉ូលិស រៀបចំឯកសារប្រគល់ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ៕










