(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូនេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID)។
ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា៕




