(ភ្នំពេញ)៖ អ្នកឧកញ៉ា តាន់ស្រ៊ី ដាតូ Dr CHEN LIP KEONG គឺជាជនជាតិម៉ាឡេស៊ី ដែលវិនិយោគនៅកម្ពុជា តំណាងឲ្យមិត្តភាពកម្ពុជា-ម៉ាឡេស៊ី បានចូលរួមជាទឹកប្រាក់ ៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ។
ក្នុងលិខិតថ្លែងអំណរគុណ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តាន់ស្រ៊ី ដែលបានចូលរួមចំណែកជាថវិកា ចំនួន ៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំង ចាក់ការពារជំងឺ COVID-19 ដើម្បីការពារអាយុជីវីតប្រជាជនកម្ពុជា»។
សម្តេចតេជោ គូសបញ្ជាក់ថា «វិភាគទាន ដែលតាក់ស៊្រី ផ្តល់មកនាពេលនេះ ពិតជាមានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា»។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា ឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូតដល់ ២០លានដូស។ តែតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយនេះ កម្ពុជានឹងទិញវ៉ាក់សាង ១លានដូស សម្រាប់ចាក់ជូនប្រជាជន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាព នឹងផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាន នៅដំណាក់កាលទីមួយនេះ។
ចាប់តាំងពីយប់ថ្ងៃទី៧ ខែធ្នូ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ រហូតដល់ព្រះមហាក្សត្រ បានចូលរួមបរិច្ចាគថវិកា តាមតិច តាមច្រើនជាបន្តបន្ទាប់។ ចលនាផុសផុលរបស់មហាជននេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថា ជាខឿនការពារសុខភាពប្រជាជនកម្ពុជាដ៏រឹងមាំ។
រហូតដល់ម៉ោង ៦ល្ងាចថ្ងៃទី១១ ខែធ្នូនេះ រាជរដ្ឋាភិបាល ទទួលបានជាង ៤៥លានដុល្លារអាមេរិកហើយ៕




