(អន្តរជាតិ)៖ ចក្រភពអង់គ្លេស ក្លាយជាប្រទេសលោកខាងលិចដំបូងគេបង្អស់ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ការពារពលរដ្ឋរបស់ខ្លួន ហើយជនជាតិអង់គ្លេសដំបូងគេ ដែលបានទទួលវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer / BioNTech គឺលោកយាយ Margaret Keenan អាយុ៩០ឆ្នាំ ដោយបានទទួលវ៉ាក់សាំងដំបូងចំនួនពីរដង នៅម៉ោង៦:៣១ នាទីព្រឹក ម៉ោងនៅអង់គ្លេស ថ្ងៃអង្គារនេះ នៅមន្ទីរពេទ្យសាកលវិទ្យាល័យក្នុងទីក្រុង Coventry។ ការចាក់វ៉ាក់សាំងនេះ គឺចាប់ផ្តើមមិនដល់មួយសប្តាហ៍ បន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលយល់ព្រមប្រើវ៉ាក់សាំងនេះ។
លោកយាយ Margaret Keenan នឹងមានអាយុ៩១ឆ្នាំនៅសប្តាហ៍ក្រោយ។ លោកយាយបាននិយាយថា គាត់មានអារម្មណ៍ថា អស្ចារ្យណាស់ដែលលោកយាយមានឯកសិទ្ធិ ក្លាយជាមនុស្សដំបូងគេដែលទទួលបានវ៉ាក់សាំងកូវីដ១៩។
លោកយាយបន្តថា «នេះគឺជាកាដូខួបកំណើតដំបូងបំផុត ហើយល្អបំផុត ដែលខ្ញុំចង់បាន ព្រោះវាមានន័យថា ទីបំផុតខ្ញុំអាចបន្តចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ក្នុងឱកាសខួបកំណើត និងចូលឆ្នាំថ្មី»។
លោកយាយ Margaret Keenan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ការចាក់វ៉ាសាំងគឺជារឿងដ៏ល្អ។ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំបានធ្វើវា ពីព្រោះនេះគឺជាជំងឺដ៏គួរឱ្យភ័យខ្លាចមួយ ដូច្នេះយើងពិតជាចង់កម្ចាត់វាចោល មិនឲ្យវាមកនៅក្នុងខ្លួន»។
មនុស្សទី២នៅចក្រភពអង់គ្លេស ដែលទទួលបានវ៉ាក់សាំង គឺលោកតា William Shakespere អាយុ៨១ឆ្នាំ ហើយបានទទួលការចាក់វ៉ាក់សាំង Covid-19 នៅមន្ទីរពេទ្យ Coventry កាលពីថ្ងៃអង្គារនេះដែរ៕



