(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារយៈពេលចុងក្រោយនេះ បានសង្កេតឃើញថា មានជនមួយចំនួនបានប្រឌិតផ្សព្វផ្សាយព័ត៌មានអកុសល មិនពិត បំពុលបរិយាកាសសង្គម ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋច្របូកច្របល់ ស្លន់ស្លោ ស្តីពីបញ្ហានៃការរីករាលដាលជំងឺកូវីត-១៩។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើខាងលើនេះ ក្នុងពេលដែលរាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុងសហការគ្នាយ៉ាងសស្រាក់សស្រាំ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងវីរុសកូរឹត-១៩ នៅក្នុងសហគមន៍។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានចាំបាច់នានា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលជូនសាធារណជន និងថ្វាយ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បានជ្រាបមិនថាពេលយប់ ឬពេលថ្ងៃ នៅទីកន្លែងណានោះទេ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ចេញព័ត៌មានទាន់ហេតុការណ៍យ៉ាងសកម្ម ពីព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ផងដែរ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកក្រសួងសុខាភិបាល ជាស្ថាប័នមានអាទិភាពក្នុងការផ្សព្វផ្សាយព័ត៌មាននានា ទាក់ទងការឆ្លងវីរុសកូរឹត-១៩នេះ។ ដូច្នេះសូមសាធារណជន មេត្តាតាមដានទំព័រហ្វេសប៊ុករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដើម្បីបានជ្រាបច្បាប់អំពីចំណាត់ការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឬមានចម្ងល់ចង់ជ្រាបច្បាស់ជាយថាហេតុណាមួយ សូមទំនាក់ទំនងទៅកាន់លេខ ១១៥។
ទន្ទឹមនឹងនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អ្នកសារព័ត៌មាន និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់ ចំពោះការផ្សព្វផ្សាយបន្ត ព័ត៌មានប្រឌិត ដែលមិនមែនជាប្រភពផ្លូវការរបស់រដ្ឋាភិបាល (ប្រភពផ្លូវការនោះគឺ ទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ)៕



