(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានផ្សព្វផ្សាយឲ្យដឹងនៅល្ងាចថ្ងៃទ៤ ខែធ្នូ ឆ្នាំ២០២០នេះ ថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក គឺរដ្ឋាភិបាលអាមេរិកបានផ្ដល់ថវិកាចំនួនជាង១១លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួនផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់។
ជាមួយគ្នានេះទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀតរបស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាព ក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។
ក្នុងនោះដែរស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទងនឹងសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា៕


