(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការធ្វើចត្តាឡីស័ក នៅតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័ក ឲ្យបានហ្មត់ចត់ ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍។
ផ្តើមដំបូង ក្នុងសេចក្តីណែនាំ ៣ទំព័រជាភាសាខ្មែរ ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានក្រើនរម្លឹកសាធារណជនទាំងអស់ថា ប្រទេសកម្ពុជា នៅតែមានហានិភ័យនៃការចម្លងវីរុសកូវីដ១៩ គ្រប់ពេលវេលានៅឡើយ។ ដូច្នេះ ដើម្បីចូលរួមបន្តទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលកនុងសហគមន៍ ការពង្រឹងការធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ ឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករបស់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះ និងនៅតាមមណ្ឌលនានា គឺតម្រូវឲ្យមានការចូលរួមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីបុគ្គល និងមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាននៅទូទាំងប្រទេស បន្ទាប់ពីទទួលបានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ដែលមានការអនុញ្ញាតឲ្យបុគ្គលនោះ ទៅធ្វើចត្តាឡីស័ក ឬធ្វើការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន។
ក្នុងសេចក្តីណែនាំ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការមិនគោរពបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយ ឬទៅប៉ះពាល់ជាមួយអ្នកដទៃទៀត ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែកនេះ នឹងអាចជាហេតុនាំឲ្យមានការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ ទៅម្នាក់ បង្កើតឱកាសចម្លងទៅអ្នកផ្សេងទៀត និងក៏អាចជាឱកាសនាំឲ្យមានការចម្លងទៅក្នុងសហគមន៍ផងដែរ ប្រសិនបើបុគ្គលនោះ មានផ្ទុកវីរុសកូវីដ១៩»។





