(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជម្រាបជូនដល់ជនរួមជាតិ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីការធ្វើចត្តាឡីស័ក ដើម្បីពិនិត្យរកមេរោគកូវីដ ត្រូវធ្វើតែរយៈពេល ១៤ថ្ងៃទេ។ ប៉ុន្តែសម្តេច សម្រេចផ្តល់សាច់ប្រាក់ដល់ទៅ ១៥ថ្ងៃ គឺដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
ក្នុងសារជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ព្រឹកម៉ិញនេះ ខ្ញុំសំរេចឱ្យបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក ដែលគ្រួសារនីមួយៗ នឹងទទួលបាន ២ម៉ឺនរៀល ក្នុងមួយថ្ងៃ ដែលមានរយៈពេល ១៥ថ្ងៃ ដែលថវិកាសរុបទទួលបាន ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ។ សូមកុំមានការភាន់ច្រឡំថា ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក ១៥ថ្ងៃ។ ការធ្វើចត្តាឡីស័ក ត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ តែខ្ញុំផ្តល់ជូនថវិកាសម្រាប់ ១៥ថ្ងៃ ក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។ ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ»៕



