(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវជាថ្មីទៀត សូមឲ្យអ្នក ដែលពាក់ព័ន្ធជាមួយនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ដូចជា អ្នកប៉ះពាល់នៅផ្សារអ៊ីអន១ សាលារៀនមួយចំនួន និងកន្លែងផ្សេងៗ ដែលប៉ះពាល់ជាមួយអ្នកជំងឺ នៅភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាដើម សូមអញ្ជើញទៅធ្វើតេស្ត រកវីរុសកូវីដ១៩ ដែលបន្តធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកានេះទៀត នៅតាមទីតាំង៖ បរិវេណផ្សារអ៊ីអន១ បរិវេណក្រសួងមហាផ្ទៃ បរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ( សម្រាប់សិស្សសាលា និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធ ) និងនៅពន្ធនាគារព្រៃស ( សម្រាប់អ្នកពាក់ព័ន្ធកន្លែងនោះ ) ហើយក្រសួង អាចធ្វើនៅកន្លែងផ្សេងៗទៀត ទៅតាមការចាំបាច់ផងដែរ។
តាមក្រសួងសុខាភិបាល ការធ្វើតេស្ត សម្រាប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានធ្វើទៅតាមថ្ងៃដូចតទៅ៖ តេស្តលើកទី១ ធ្វើនៅថ្ងៃទី២៩ និងបន្តធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ តេស្តលើកទី២ ធ្វើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ តេស្តលើកទី៣ ធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសថា បុគ្គល ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលតែងតែចេញផ្សាយជារឿយៗ នូវចំណុច ១០យ៉ាង នៃការធ្វើចត្តាឡីស័ក នៅតាមផ្ទះ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬនៅតាមសណ្ឋាគារ។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា សម្រាប់អ្នកនៅភ្នំពេញ ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងនោះ សូមអញ្ជើញទៅស្នាក់នៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ សុខា-ភ្នំពេញ។ ការធ្វើតេស្តរកកូវីដ១៩ និងការស្នាក់នៅ ធ្វើចត្តាឡីស័ក នៅសណ្ឋាគារនេះ គឺរដ្ឋជាអ្នកចេញសាហ៊ុយជូនបងប្អូន។ នៅតាមបណ្តាខេត្ត សូមអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់ចែងរៀបចំ និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កទាំងអស់ ឲ្យបានហ្មត់ចត់ជាទីបំផុត ហើយអ្នកដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័ក នៅតាមផ្ទះ ត្រូវស្នាក់នៅមណ្ឌលចត្តាឡីស័ក ដែលរៀបចំដោយអាជ្ញាធរខេត្ត ដោយរដ្ឋ ជាអ្នកទទួលបន្ទុក។
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨នាក់ទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា។ កាលពីថ្ងៃទី២៩វិច្ឆិកាម្សិលមិញ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ បានចំនួន ៣៣៣២នាក់ ( នៅភ្នំពេញ និងខេត្តចំនួន ៧ ) តែការវិភាគអាចធ្វើបានតែ ២២៨៨សំណាក់ ( គិតត្រឹមម៉ោង ១:៣០ នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ )។
ក្រសួងសុខាភិបាល បានប្រកាសថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៤នាក់ ( ដោយគិតទាំងអ្នក ដែលបានរាយការណ៍ ចំនួន ៦នាក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងអ្នករកឃើញថ្មី ចំនួន ៨នាក់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ )៕



