គួរឲ្យអនិច្ចា! ទីសក្ការបូជា ​«ព្រះអង្គជប់» នៃភ្នំគូលែន សុទ្ធតែគំនរសំរាមរប៉ាតរប៉ាយ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ទីសក្ការបូជា ព្រះអង្គជប់ នៃភ្នំគូលែន ដែលជាកន្លែងធ្លាប់តែល្បីល្បាញ និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីជាហូរហែរមិនដែលដាច់ មកថ្វាយបង្គំរគោរពប្រណិប័តន៍ បានប្រែទៅជាកន្លែង ដែលមានសំរាមគ្របដណ្តប់រប៉ាតរប៉ាយគ្មានសណ្តាប់ធ្នាប់ទៅវិញ។

យោងតាមទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរបង្ហោះសារកាលពីថ្ងៃទី២៣ ខែវិចិ្ឆកាថា៖ គួរឱ្យអនិច្ចាទីសក្ការបូជា«ព្រះអង្គជប់»នៃភ្នំគូលែន! កន្លែងដែលធ្លាប់តែល្បីល្បាញ និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ដោយសំរាមរប៉ាតរប៉ាយគួរឱ្យស្អប់ខ្ពើមទៅវិញ។ 

ក្នុងឱកាស«ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០» អនុញ្ញាតឱ្យខ្ញុំលើកយកប្រធានបទនេះមកពិភាក្សា និងរិះគិតពិចារណាបន្តិច សង្ឃឹមថានឹងបានលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាអនាម័យបរិស្ថាន ជាពិសេសនៅក្នុងតំបន់សក្ការបូជា និងតំបន់ឧទ្យានជាតិដូចជាព្រះអង្គជប់នេះ។

នេះជាលើកទីមួយហើយ ដែលខ្ញុំបានដើរឡើងមកដល់«ព្រះអង្គជប់»ចាប់តាំងពីខ្ញុំបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី។ ខ្ញុំតែងតែបានលឺពីកិត្តិស័ព្ទ ភាពខ្លាំងពូកែស័ក្តិសិទ្ធិ និងសក្តានុពលខាងផ្នែកទេសចរណ៍សាសនានៃកន្លែងដ៏វិសិដ្ឋមួយនេះ ប៉ុន្តែដោយហេតុតែទីនេះជាតំបន់ឧទ្យានជាតិ និងជាបន្ទាត់ព្រំប្រទល់ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ(ត្រឹមច្រកឡើងនៅជើងភ្នំស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើងនិងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ) ខ្ញុំតែងតែមិនបានចាត់ទុកទីនេះជាតំបន់គ្រប់គ្រងរបស់រដ្ឋបាលស្រុកបន្ទាយស្រីនោះទេ។

តែថ្មីៗនេះ រដ្ឋបាលស្រុកទទួលបានសំណូមពរពីប្រជាពលរដ្ឋឱ្យជួយពិនិត្យលើបញ្ហាសំរាម និងកាកសំណល់នានាដែលបានចោទជាបញ្ហាប្រឈម ទើបសម្រេចប្រមូលបងប្អូនប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត ប្រជាការពារ ព្រមទាំងចាប់ដៃគូសហការជាមួយក្រុមហ៊ុនចំបុីសៀមរាប សរុបកំលាំងជិត២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាននៅក្នុងតំបន់នេះឱ្យចំថ្ងៃទិវាបរិស្ថាន២៣វិច្ឆិកាតែម្តង។ តែអ្វីៗមានសភាពធ្ងន់ធ្ងរលើសពីការរំពឹងទុកទៅទៀត។ ចាប់តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្ត ចំណុចសម្រាកជើងនីមួយៗ ជាពិសេសនៅជុំវិញបរិវេណដែលមានអ្នកលក់ដូរ និងផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត។ តែហេតុអ្វី? 

ទទួលស្គាល់ថាទីនេះមិនទាន់មានការគ្រប់គ្រងផ្ទាល់ដោយអាជ្ញាធរមូលដ្ឋានណាមួយនៅឡើយទេ អាចថាបណ្តាលមកពីភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចទទួលខុសត្រូវក៏ថាបាន ព្រោះយ៉ាងហោចណាស់ក៏មានស្ថាប័ន៤ដែរ ដែលពាក់ព័ន្ធនៅទីនេះ(បរិស្ថាន? អប្សរា? ស្វាយលើ? បន្ទាយស្រី?)។ ប៉ុន្តែកន្លងមក នៅទីនេះក៏មានក្រុមអ្នកទទួលបានផលប្រយោជន៍ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកាន់ព្រះអង្គជប់រួចទៅហើយ ទាំងអ្នកលក់ដូរ ទាំងអ្នកយកថ្លៃចំណតរថយន្តនិងផ្លូវឡើង ព្រមទាំងគណៈកម្មការវត្ត និងអាស្រមនៅផ្នែកខាងលើផងដែរ។ 

ចុះហេតុអ្វីបានជាមិនមានអ្នកណាទទួលខុសត្រូវលើបញ្ហាសំរាមយ៉ាងដូច្នេះ? តើប្រយោជន៍ឯកជនគួរមានចំណងគណនេយ្យភាពជាមួយការការពារផលប្រយោជន៍រួមដែររឺទេ? តើវាជាកង្វះខាតមធ្យោបាយ ឬការគ្រប់គ្រង? ចុះបើយើងចង់ចាប់ផ្តើមគ្រប់គ្រងវា គួរធ្វើបែបណា? គួរចាប់ផ្តើមពីចំណុចណា?

ខ្ញុំជឿថាយើងមិនអាចមានចម្លើយភ្លាមដោយមិនមានការសិក្សាលម្អិតពីឫសគល់នៃបញ្ហា និងនាំអ្នកពាក់ព័ន្ធទាំងអស់មកជួបគ្នាអង្គុយពិភាក្សាគ្នានោះទេ ប៉ុន្តែរាល់ការអភិវឌ្ឍត្រូវតែមានចីរភាព។ ប្រសិនបើយើងមិនទាន់មានលទ្ធភាពធានាឱ្យបានថា ការអភិវឌ្ឍថ្ងៃនេះនឹងមិនធ្វើឱ្យមានវិនាសកម្មនៅក្នុងថ្ងៃស្អែក យើងមិនគួរយកអនាគតនៃបរិស្ថាន ធម្មជាតិ និងវប្បធម៌ដែលមិនអាចកាត់ថ្លៃបាននេះ មកប្រថុយប្រថាន ឬយកផលប្រយោជន៍រួមមកប្តូរជាមួយនឹងប្រយោជន៍ឯកជនបន្តិចបន្តួចរបស់បុគ្គលរឺក្រុមណាមួយនោះទេ។

ជាការចាប់ផ្តើម រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងធ្វើការពិភាក្សាជាមួយរដ្ឋបាលស្រុកស្វាយលើ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរកយន្តការគ្រប់គ្រងប្រកបដោយនិរន្តភាពមួយនៅទីនេះ។ ការបង្កើតគណៈកម្មការគ្រប់គ្រង ឬសហគមន៍ផ្លូវការច្បាស់លាស់ណាមួយដែលមានលទ្ធភាពអាចស្វ័យគ្រប់គ្រងបាន គឺជាជម្រើសល្អមួយ ដែលគួរយកមកពិចារណា ប៉ុន្តែទម្រាំនឹងយើងអាចមានយន្តការជាក់លាក់ទាំងនោះបាន ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី ខ្ញុំសូមអំពាវនាវ ២ចំណុចជាបណ្តោះអាសន្ន៖

- សូមបងប្អូនអ្នកទេសចរ និងពុទ្ធបរិស័ទ្ធទាំងអស់ដែលមកទស្សនាកម្សាន្ត ឬធ្វើបុណ្យធ្វើទាននៅទីនេះមេត្តាគ្រប់គ្រងសំរាមផ្ទាល់ខ្លួន និងផ្តល់ភាពទទួលខុសត្រូវលើសំរាមដែលខ្លួនបានបង្កើត ព្រោះរាល់សំរាមដែលបោះចោលនៅទីនេះនឹងបន្តនៅទីនេះជារៀងរហូត។ បើអាច សូមធ្វើការកាត់បន្ថយ និងវេចខ្ចប់យកសំរាមត្រលប់ទៅវិញផង។ ទោះបីជាថ្ងៃនេះ ក្រុមការងារបានសម្អាតតាមដងផ្លូវបានមួយអន្លើធំក៏ដោយ ក៏យើងមិនទាន់មានយន្តការប្រមូលសំរាមថ្មីៗនៅឡើយទេ ចំណែកឯធុងសំរាមច្រើនក៏មិនមែនជាដំណោះស្រាយដែរ ដរាបណាមិនទាន់មានយន្តការគ្រប់គ្រងជាប្រចាំ។

- សប្បុរសជនដែលតែងតែបរិច្ចាគ ធ្វើបុណ្យធ្វើទានទៅកាន់ព្រះអង្គជប់ គួរពិចារណារំលែកការចូលរួមនេះមកលើកិច្ចគាំពារថែរក្សាបរិស្ថាន និងគ្រប់គ្រងសំរាមផង តាមរយៈការជ្រោមជ្រែងលើយុវជនស្ម័គ្រចិត្ត ឬឧបត្ថម្ភដល់ប្រជាការពារដែលធ្វើការពាក់ព័ន្ធនឹងការប្រមូលសំរាម។ ភាពស័ក្តសិទ្ធ និងការគោរពបូជាមិនគួរធ្វើឡើងនៅក្នុងទីដែលគគ្រិចនោះទេ ហើយការស្រលាញ់ថែរក្សាបរិស្ថានក៏អាចរាប់ថាជាការធ្វើបុណ្យបានដែរ។ 

សង្ឃឹមថា ការលើកឡើងរបស់ខ្ញុំអំពីការប្រឈមធ្ងន់ធ្ងរនៃបញ្ហាសំរាមនៅក្នុងតំបន់ព្រះជប់ក្នុងថ្ងៃទិវាបរិស្ថាន២៣វិច្ឆិកានេះ នឹងបានក្រើនរំលឹកពីសារៈសំខាន់​នៃការថែរក្សាបរិស្ថានធម្មជាតិ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីអនាគតយូរអង្វែងរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម និងការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល
ព័ត៌មានជាតិ
Top News: ទីបំផុតលោក ដូណាល់ ត្រាំ ទំនងទទួលស្គាល់ការចាញ់ឆ្នោត ក្រោយព្រមផ្តល់ព័ត៌មាន​ផ្ទេរអំណាចទៅកាន់លោក ចូ បៃឌិន
ព័ត៌មានជាតិ
ទឹកចិត្តកម្ពុជា! សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត យកទៅ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៦​វិច្ឆិកា
ព័ត៌មានជាតិ
ឆ្នាំនេះ ​រកឃើញសំបុកសត្វកុកពាក់អំបោះ ​ឬសត្វកស ​បានចំនួន ៤សំបុកហើយ​
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង កាលពី​ខែតុលា នាំ​ឲ្យ​ខូចខាត​អណ្តូងទឹក ៤១៥៥ អណ្តូង ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវការ​ថវិកា ៩០​ម៉ឺន​ដុល្លារ សម្រាប់​ស្តារឡើងវិញ​
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំអន្តរក្រសួងពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ​ការបន្ធូរបន្ថយទោស និងលើកលែងទោស​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី