(ខេត្តកណ្តាល)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូង នៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីសម្ពោធនាព្រឹកនេះ បានធ្វើឡើង ក្រោមដំណក់ទឹកភ្លៀង។
នៅក្នុងពិធីនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ក្នុងពេលជំងឺកូវីដ កំពុងរាតត្បាត តើហេតុអ្វី ក៏យើងសម្ពោធមជ្ឈមណ្ឌលកម្សាន្តទៅវិញ?
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អំឡុងពេលជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់អ្នកទេសចរបរទេស មិនថានៅកម្ពុជា និងនៅលើពិភពលោកទេ។ តែក្នុងពេលជំងឺកូវីដ១៩នេះ ធ្វើឲ្យអ្នកទេសចរក្នុងស្រុក ដើរកម្សាន្តច្រើន។ ក្នុងនោះ កាលពីខែសីហា ពោលគឺនៅថ្ងៃទី១៦ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលកម្សាន្ត សួនទឹក Garden City របស់អ្នកឧកញ៉ា លី យ៉ុងផាត់ នៅព្រែកព្នៅ ដែលទទួលបានអ្នកទៅលេងកម្សាន្ត ប្រមាណជា ១ម៉ឺននាក់ ក្នុង ១ថ្ងៃៗ។
ដោយឡែក នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូង នៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពីមុន នៅពេលឈប់សម្រាក ប្រជាពលរដ្ឋខ្មែរយើង គិតថា នឹងទៅលេងនៅក្រៅប្រទេស ប៉ុន្តែពេលនេះ នៅពេលឈប់សម្រាក ម្នាក់ៗ គិតថា ត្រូវទៅលេងនៅខេត្តណា កន្លែងកម្សាន្តណា ឬក៏ទៅលេងសួនទឹករបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ឬក៏មកខាងកៀនស្វាយ ព្រីនស៍ ម៉ាណ័រ៕



