(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ដើម្បីធានាប្រសិទ្ធភាពអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាការបញ្ចៀសឲ្យបាននូវហានិភ័យ ដែលបណ្តាលមកពីគ្រឿងញៀន ព្រមទាំងដោះស្រាយនូវការព្រួយបារម្ភ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាល បានណែនាំ ៧ចំណុច ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ។
សារាចរ បានកត់សម្គាល់ថា «តាមរយៈការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ចំនួន ៥លើក ជាបន្តបន្ទាប់ បណ្តាកងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នា បង្កើតបានជាចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសស្រាក់សស្រាំ និងទទួលបានលទ្ធផលជាវិជ្ជមាន។ ប៉ុន្តែប្រការដែលត្រូវកត់សម្គាល់ឃើញនោះ គឺសកម្មភាពលបលួចនាំចូល ដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ការលួចលាក់កែច្នៃសារធាតុញៀន នៅតែកើតមានឡើងជាបន្តបន្ទាប់ និងមានរូបភាពកាន់តែធំ ហើយការជួញដូរ និងការប្រើប្រាស់សារធាតុញៀន បាន និងកំពុងរីករាលដាល ដល់តំបន់ជនបទមួយចំនួន»។
វិធានការ ៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមមាន៖ ១-បន្តខិតខំចាត់តាំងអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពី ការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ២-បង្កើនសកម្មភាពអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥។ ៣-លើកកម្ពស់ស្មារតីផ្សព្វផ្សាយ អប់រំឲ្យបានទូលំទូលាយ ស៊ីជម្រៅ ចំគោលដៅ និងមុខសញ្ញាគ្រប់ទីកន្លែង ទាំងក្នុងសហគមន៍ ទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងក្នុងជួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ៤-យកចិត្តទុកដាក់ចាត់វិធានការ ក្នុងការបង្ការ ទប់ស្កាត់ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់ ការលួចលាក់កែច្នៃ ផលិតសារធាតុញៀន និងការជួញដូរប្រើប្រាស់សារធាតុញៀន ជាពិសេសនៅតាមគោលដៅនានា។ ៥-ត្រូវពង្រឹងវិធានការគ្រប់គ្រង ត្រួតពិនិត្យការនាំចូល និងការប្រើប្រាស់សារធាតុគីមីផ្សំ។ ៦-លើកកម្ពស់គុណភាពក្នុងការអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម។ ៧-លើកកម្ពស់គុណភាប សមត្ថភាពមន្ត្រីអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាលជំនាញ ប្រតិបត្តិការ និងចំណេះដឹងផ្នែកច្បាប់៕




