(ភ្នំពេញ)៖ ពិធីបុណ្យសពរបស់លោក ស៊ឺ សោភ័ណ្ឌរិទ្ធី «Chef រិទ្ធី» ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer ប្រព្រឹត្តទៅនៅក្នុងបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
សិល្បករកម្ពុជា ដែលបានចូលរួមពិធីបុណ្យសពនៅថ្ងៃទី២១ ខែតុលានេះ បានឲ្យដឹងថា លោកសោភ័ណ្ឌរិទ្ធី បានទទួលមរណភាពដោយសារជំងឺលើសឈាម និងលើសជាតិស្ករខ្លាំង ហើយក្រុមគ្រួសាររបស់គាត់សូមធ្វើការបដិសេធថា គាត់កើតជំងឺរបេង ជំងឺក្រិនថ្លើម និងជំងឺសួត គឺមិនមែនទេ។
គួរបញ្ជាក់ថា មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef រិទ្ធី» កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ខណៈពេលកម្មវិធីទើបតែបានចាក់ផ្សាយថ្មីៗនេះ។
មរណភាពរបស់ Chief ដ៏ឆ្នើមរូបនេះ មិនត្រឹមតែបន្សល់ទុកភាពសោកសៅដល់ក្រុមគ្រួសារសាច់ញាតិនោះទេ ប៉ុន្តែ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសោកស្ដាយយ៉ាងខ្លាំង ដែលបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកដដោយជំនាញវិជ្ជាជីវៈផ្នែកម្ហូបអាហារយ៉ាងច្បាស់លាស់បែបនេះ៕




