(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យដឹងថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមនៅឡើយ លើកលែងតែកម្មករផ្នែកបោសសំអាតផ្លូវប៉ុណ្ណោះ ដែលបានចូលធ្វើការវិញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី១២ ខែតុលានេះ បានបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងក្រុមហ៊ុន ស៊ីនទ្រី និងកម្មករនិយោជិតជាច្រើនលើក ច្រើនសារ រហូតទទួលបានការព្រមព្រៀងគ្នារួចហើយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនគោរពឡើយ ហើយនៅតែបន្តទាមទារនូវ អត្ថប្រយោជន៍នានាខុសច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចធ្វើអន្តរាគមន៍ជូនបានឡើយ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឲ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់ខ្លួនដែលច្បាប់កំណត់។ ក្នុងករណីកម្មករនិយោជិត ក្រុមហ៊ុន ស៊ីនទ្រី ចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០៕



