(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន ១៥៣នាក់។ ពិធីជួបជុំនេះ បានធ្វើឡើង នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តុលាការប្រទេសបារាំង ទើបតែបានកំណត់ថ្ងៃ បើកសវនាការលើបណ្តឹងបរិហារកេរ្តិ៍ របស់សម្តេច នៅម៉ោង ១ និង ៣០នាទី រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ សវនាការនេះ អាចនឹងប្រើពេល ២ម៉ោងកន្លះ។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា សំណុំរឿងនេះ សម្តេច បានប្តឹងនៅតុលាការបារាំង តាំងពីឆ្នាំ២០១៩។ គ្រាន់តែសំណុំរឿងមួយនេះ ប្រើពេលដល់ទៅ ៣ឆ្នាំ ទើបអាចបើកសវនាការបាន។ ដូច្នេះរឿងអីបរទេសមួយចំនួន ចង់ឲ្យការកាត់ក្តីនៅកម្ពុជា ឲ្យបានឆាប់ បើយើងគ្មានលទ្ធភាពទៅបង្ខំតុលាការបារាំង ក៏យើងមិនអាចមកបង្ខំតុលាការនៅកម្ពុជា បានដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្តឹងលោកសមរង្ស៊ី ដែលមានសញ្ជាតិបារាំង ពីបទបរិហារកេរ្តិ៍។ ជាបណ្តឹង ដោយសារតែលោកសមរង្ស៊ី ចោទប្រកាន់គ្មានមូលដ្ឋានថា សម្តេចតេជោ ហ៊ុន សែន ជាអ្នករៀបចំគម្រោងសម្លាប់លោកនាយឧត្តមសេនីយ៍ ហុក ឡង់ឌី។ សំណុំរឿងនេះ ក៏ត្រូវបានកូនប្រុសលោក ហុកឡង់ឌី គឺលោក ឌី វិជ្ជា ដែលជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន បានច្រានចោល ហើយដាក់ពាក្យប្តឹងលោកសមរង្ស៊ី នៅតុលាការបារាំង ផងដែរ៕



