(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យត្រូវគ្រប់សមាសភាពសហគមន៍ត្រូវរួមគ្នាដូចជាវង់ភ្លេងតន្រ្តី។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញុៀនមានប្រសាសន៍បែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់សម្រាប់ខណ្ឌមានជ័យដែលមានអ្នកចូលរូមតំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌមានជ័យ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងខណ្ឌមានជ័យ តំណាងសុខាភិបាលមូលដ្ឋាន និងអង្គការពាក់ព័ន្ធ នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងរាយការណ៍ពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលនោះថាគណៈបញ្ជាការឯកភាពរដ្ឋបាលឃុំ-សង្កាត់ ត្រូវធានាដំណើរការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ ដែលជាការងារស្នូលមួយក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រង់ចំណុចទី២ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មន្ត្រីសុខាភិបាល និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ជាដៃគូមិនអាចខ្វះបានក្នុងការងារព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋានសហគមន៍ ជាដេីម។ល។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ថា ការងារជំរុញអ្នកញៀនគ្រឿងញៀនឱ្យទទួលបានការព្យាបាលផ្តាច់ភាពញៀនគឺជាការងារស្នូលសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងសហគមន៍មូលដ្ឋានហេីយការស៊ីសង្វាក់គ្នារវាងអ្នកផ្តល់សេវា និងមន្រ្តីអនុវត្តច្បាប់ជាដៃគូមិនអាចខ្វះបានប្រៀបដូចជាវង់តន្រ្តីធ្វេីឱ្យអ្នកញៀនគ្រឿងញៀនចេញមុខមកយកសេវាព្យាបាលដោយគ្មានការភ័យខ្លាច។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក៏បានថ្លែងអំណរគុណដល់អង្គការខាណា ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រនិងអ្នកពាក់ព័ន្ធដែលបានរួមគ្នាធ្វេីឱ្យវគ្គបណ្តុះបណ្តាលនេះសម្រេចបានលទ្ធផលដូចដែលបានគ្រោងទុកនិងសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបាននេះទៅអនុវត្តតាមតួនាទីរៀងៗខ្លួនដេីម្បីសម្រេចគោលដៅរួមតែមួយផ្តល់សេចក្តីសុខសាន្តជូនប្រជាលរដ្ឋរបស់យេីងនូវសហគមន៍មួយមានសុខសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានជំងឺកូវីដ-១៩៕




